John 13

ព្រះយេស៊ូលាង​ជើង​​ពួក​សាវក​

1នៅមុន​ថ្ងៃ​បុណ្យ​រំលង​ព្រះ​យេស៊ូ​បាន​ជ្រាបថាពេលកំណត់ដែល​ព្រះអង្គ​ត្រូវ​យាង​ចេញពីពិភពលោកនេះទៅ​ព្រះ​វរ​បិតា​បាន​មកដល់ហើយ។ ​ព្រះអង្គ​ស្រលាញ់អស់អ្នក​ដែលនៅ​ជាមួយ​ព្រះអង្គនៅក្នុងពិភពលោកនេះ​ណាស់​ហើយ​ព្រះអង្គ​ក៏​ស្រលាញ់ពួកគេដល់ចុងបំផុត​ដែរ។ 2នៅពេលបរិភោគ​អាហារ​ពេល​យប់​នោះ​អារក្សសាតាំង​បាន​ចូលទៅក្នុងចិត្ដ​របស់​យូដាសអ៊ីស្ការីយ៉ុត​ជា​កូន​លោកស៊ីម៉ុនរួចជាស្រេចដើម្បី​ឲ្យ​ក្បត់ព្រះអង្គ 3ព្រះយេស៊ូ​បាន​ដឹងថា​ព្រះ​វរ​បិតា​បាន​ប្រគល់​អ្វីៗ​ទាំងអស់មកក្នុង​ព្រះ​ហស្ដ​របស់​ព្រះអង្គហើយ​ព្រមទាំង​ដឹងទៀត​ថា​ព្រះអង្គ​បាន​មកពីព្រះជាម្ចាស់ហើយ​ត្រូវ​ទៅព្រះជាម្ចាស់វិញ 4ដូច្នេះព្រះអង្គ​ក៏​ក្រោកចេញពី​តុ​អាហារហើយដោះអាវវែងចេញរួចយកកន្សែងមួយមកក្រវាត់ខ្លួន 5បន្ទាប់មកព្រះអង្គ​ចាក់ទឹកក្នុងចានក្លាំមួយរួចចាប់ផ្ដើមលាងជើង​របស់​ពួក​សិស្សហើយ​យក​កន្សែងដែល​ព្រះអង្គ​ក្រវាត់​នោះ​មកជូត​ផង។ 6ពេលព្រះអង្គ​មកដល់​លោក​ស៊ីម៉ូនពេត្រុស​នោះ​គាត់​ទូលទៅព្រះអង្គ​ថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​ព្រះអង្គ​នឹង​លាងជើង​របស់​ខ្ញុំ 7ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ ​«នៅពេលនេះអ្នកមិនយល់​អំពី​អ្វីដែលខ្ញុំ​កំពុង​ធ្វើទេប៉ុន្តែ​អ្នក​នឹង​យល់នៅពេលក្រោយ» 8លោកពេត្រុសទូលទៅព្រះអង្គថា៖ ​«ព្រះអង្គ​មិនត្រូវលាងជើង​របស់​ខ្ញុំ​ទេ!» ​ព្រះ​យេស៊ូមានបន្ទូលថា៖ ​«បើខ្ញុំមិនលាង​ឲ្យ​អ្នក​នោះ​អ្នក​គ្មានចំណែកជាមួយខ្ញុំឡើយ» 9នោះលោក​ស៊ីម៉ូនពេត្រុសទូល​ទៅ​ព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​សូម​កុំលាងត្រឹមតែជើង​របស់​ខ្ញុំគឺ​សូម​លាង​ទាំងដៃទាំងក្បាលផង» 10ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«អ្នក​ដែលងូតទឹករួចហើយត្រូវការលាងជើងតែប៉ុណ្ណោះដ្បិត​ខ្លួន​ទាំងមូល​របស់​អ្នកនោះបានស្អាតហើយរីឯអ្នករាល់គ្នាបានស្អាតហើយ​ដែរ​ប៉ុន្តែមិនមែនទាំងអស់គ្នាទេ» 11ដ្បិតព្រះអង្គ​បាន​ស្គាល់អ្នកក្បត់ព្រះអង្គហេតុនេះហើយបានជា​ព្រះអង្គ​មានបន្ទូលថា៖ ​«អ្នករាល់គ្នាមិនស្អាតទាំងអស់គ្នាទេ»។

ព្រះយេស៊ូពន្យល់​អំពីអត្ថន័យ​លាង​ជើង​

12កាល​ព្រះអង្គ​លាងជើង​របស់​ពួកគេរួចហើយ​ព្រះអង្គ​ក៏​ពាក់អាវវែងវិញរួច​យាងទៅ​អង្គុយ​នៅ​តុអាហារវិញ​ទាំង​មានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​អ្នករាល់គ្នា​យល់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​អ្នករាល់គ្នា​ឬ​ទេ»? 13អ្នករាល់គ្នាហៅខ្ញុំថា​លោក​គ្រូនិងព្រះអម្ចាស់នោះ​អ្នករាល់គ្នា​ហៅត្រូវ​ហើយ​ព្រោះគឺខ្ញុំ​មែន! 14ដូច្នេះបើខ្ញុំ​ជា​ព្រះអម្ចាស់ហើយ​ជា​គ្រូ​បាន​លាងជើង​ឲ្យ​អ្នករាល់គ្នា​ទៅហើយ​នោះ​អ្នករាល់គ្នាគួរលាងជើង​ឲ្យ​គ្នា​ទៅវិញ​ទៅមកដែរ 15ដ្បិតខ្ញុំ​បាន​ទុកគំរូមួយ​សម្រាប់​អ្នករាល់គ្នាហើយដើម្បីឲ្យអ្នករាល់គ្នាធ្វើតាម​ដូច​ដែលខ្ញុំ​បាន​ធ្វើ​សម្រាប់​អ្នករាល់គ្នាដែរ 16ហើយខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិតប្រាកដថាបាវបម្រើមិនដែល​ធំ​ជាងចៅហ្វាយ​របស់​ខ្លួនទេ​ហើយ​អ្នក​ដែល​គេ​ចាត់ឲ្យទៅក៏​មិន​ដែល​ធំជាងអ្នកដែលចាត់ខ្លួនឲ្យទៅដែរ 17ដូច្នេះបើ​អ្នករាល់គ្នា​ដឹង​សេចក្ដី​ទាំងនេះ​ហើយ​ធ្វើតាម​នោះ​អ្នករាល់គ្នាមានពរហើយ 18ខ្ញុំមិនមែននិយាយពីអ្នក​ទាំងអស់​គ្នាទេខ្ញុំស្គាល់អស់​អ្នក​ដែលខ្ញុំ​បាន​ជ្រើស​រើសប៉ុន្តែដើម្បី​ឲ្យ​សម្រេចតាមបទគម្ពីរ​ដែល​បាន​ចែងថា​អ្នក​ដែលបរិភោគនំប៉័ង​របស់​ខ្ញុំ​អ្នកនោះ​បាន​លើកកែងជើង​របស់​ខ្លួនទាស់​នឹង​ខ្ញុំ 19ពេលនេះខ្ញុំ​ប្រាប់អ្នករាល់គ្នា​ឲ្យ​ហើយ​មុន​ការនោះ​កើតឡើងដើម្បីនៅពេល​ការនោះ​កើតឡើង​នោះ​អ្នករាល់គ្នា​នឹង​ជឿថាគឺខ្ញុំមែន 20ដ្បិតខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិតប្រាកដថាអ្នកណាទទួលអ្នកដែល​ខ្ញុំ​ចាត់ឲ្យទៅ​អ្នកនោះ​ទទួលខ្ញុំហើយអ្នកណាទទួលខ្ញុំ​អ្នកនោះ​ក៏​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់ខ្ញុំឲ្យមកដែរ»។

ព្រះយេស៊ូប្រាប់​ថា​យូដាស​ក្បត់​ព្រះអង្គ

21កាល​ព្រះអង្គ​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះរួចហើយព្រះអង្គជ្រួល​ច្របល់​ក្នុងវិញ្ញាណជាខ្លាំង​ក៏​ធ្វើបន្ទាល់ថា៖ ​«ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ពិតប្រាកដថានៅក្នុង​ចំណោម​អ្នករាល់គ្នា​មាន​ម្នាក់​នឹង​ក្បត់ខ្ញុំ»។ 22ពេលនោះពួក​សិស្ស​ក៏​ងាក​មើលគ្នា​ទៅវិញ​ទៅមក​ទាំង​មិនដឹងថា​ព្រះអង្គ​មានបន្ទូលអំពីអ្នកណា​ទេ។ 23មានសិស្សម្នាក់ដែល​ព្រះ​យេស៊ូស្រលាញ់​គាត់​កំពុង​អង្គុយ​នៅ​តុអាហារ​ផ្អែក​លើព្រះឧិរា​របស់​ព្រះអង្គ 24ដូច្នេះលោក​ស៊ីម៉ូនពេត្រុស​ក៏​ធ្វើសញ្ញា​ឲ្យ​អ្នក​នោះ​ទូល​សួរព្រះអង្គអំពី​អ្នក​ដែល​ព្រះអង្គ​មានបន្ទូល​នោះ 25អ្នកនោះក៏ទម្រេតលើព្រះឧិរា​របស់​ព្រះ​យេស៊ូ​ហើយ​សួរថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​អ្នក​នោះ​ជានរណា 26ព្រះយេស៊ូឆ្លើយថា៖ ​«អ្នក​នោះជាអ្នកដែលខ្ញុំជ្រលក់ចំណិតនំប៉័ងហុចទៅឲ្យ»។ ​ដូច្នេះ​ព្រះអង្គ​ក៏​ជ្រលក់ចំណិតនំប៉័ងហើយឲ្យទៅយូដាស​ជា​កូន​របស់​លោក​ស៊ីម៉ូនអ៊ីស្ការីយ៉ុត 27ក្រោយពីទទួល​ចំណិតនំប៉័ងនោះ​ហើយ​នោះ​អារក្ស​សាតាំង​ក៏​ចូលគាត់រួច​ព្រះ​យេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«អ្នក​ចង់​ធ្វើអ្វី​ចូរ​ប្រញាប់ធ្វើចុះ»។ 28ក្នុងចំណោមពួក​អ្នកដែលអង្គុយ​នៅ​តុគ្មាន​អ្នក​ណា​ម្នាក់​ដឹងថាហេតុអ្វីបានជា​ព្រះអង្គ​មានបន្ទូល​ទៅ​គាត់ដូច្នេះឡើយ 29ហើយមាន​អ្នក​ខ្លះស្មានថាដោយព្រោះតែយូដាសកាន់ថង់ប្រាក់បានជា​ព្រះ​យេស៊ូប្រាប់គាត់​ឲ្យ​ទៅ​ទិញឥវ៉ាន់ដែលត្រូវការសម្រាប់​ពិធី​បុណ្យ​ឲ្យ​គាត់​ទៅ​ចែកអ្វីដល់​ពួក​អ្នកក្រ 30កាលយូដាស​បាន​ទទួលចំណិតនំប៉័ងនោះហើយគាត់​ក៏​ចេញទៅភ្លាមពេលនោះយប់ហើយ

បញ្ញត្ដិ​ថ្មី​

31ពេល​គាត់​ចេញ​ផុត​ទៅ​ព្រះ​យេស៊ូ​ក៏​មានបន្ទូលថា៖ ​«ឥឡូវនេះកូនមនុស្ស​បាន​តម្កើងឡើងហើយ​ឯ​ព្រះជាម្ចាស់​ក៏​បាន​តម្កើងឡើងតាមរយៈកូនមនុស្សដែរ 32ដូច្នេះបើព្រះជាម្ចាស់​បាន​តម្កើងឡើងតាមរយៈកូនមនុស្ស​នោះ​ព្រះអង្គក៏​នឹង​តម្កើងកូនមនុស្សឡើងតាមរយៈព្រះអង្គដែរហើយ​ព្រះអង្គ​នឹង​តម្កើងកូនមនុស្សឡើងឆាប់ៗ​នេះ។ 33កូនតូចៗ​អើយ! ​ខ្ញុំនៅជាមួយអ្នករាល់គ្នា​តែ​បន្តិចទៀតទេ​អ្នករាល់គ្នា​នឹង​រកខ្ញុំ​ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​ជនជាតិ​យូដារួចហើយឥឡូវនេះ​ខ្ញុំ​ក៏​ប្រាប់អ្នករាល់គ្នាដែរថាកន្លែងដែលខ្ញុំទៅអ្នករាល់គ្នាពុំអាចទៅបានទេ 34ខ្ញុំឲ្យបញ្ញត្ដិថ្មីមួយ​ដល់​អ្នករាល់គ្នាគឺ​ឲ្យ​អ្នករាល់គ្នា​ស្រលាញ់គ្នា​ទៅវិញ​ទៅមក​ចូរ​ស្រលាញ់គ្នាដូចជា​ខ្ញុំ​បាន​ស្រលាញ់អ្នករាល់គ្នាដែរ 35មនុស្សទាំងអស់​នឹង​ដឹងថា​អ្នករាល់គ្នា​ជាសិស្សរបស់ខ្ញុំដោយសារសេចក្ដីនេះ​គឺ​បើ​អ្នករាល់គ្នា​មាន​សេចក្ដី​ស្រលាញ់​ដល់​គ្នា​ទៅវិញ​ទៅមក»។

ព្រះយេស៊ូប្រាប់​ឲ្យដឹងជាមុន​ថា ​លោកពេត្រុសនឹង​បដិសេធ​ព្រះអង្គ

36លោក​ស៊ីម៉ូនពេត្រុសទូលសួរព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​ព្រះអង្គ​នឹង​យាងទៅណា?» ​ព្រះ​យេស៊ូឆ្លើយ​ទៅ​គាត់ថា៖ ​«កន្លែងដែល​ខ្ញុំ​ទៅ​នោះ​អ្នក​ពុំអាចទៅតាមខ្ញុំបានទេ​នៅពេល​ឥឡូវនេះប៉ុន្តែ​នៅពេល​ក្រោយ​ទើប​អ្នក​ទៅបាន»។ 37លោកពេត្រុសទូលព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​ហេតុអ្វីបានជា​ខ្ញុំ​មិនអាចទៅតាមព្រះអង្គបាន​នៅពេល​ឥឡូវនេះ? ​ខ្ញុំ​នឹង​លះបង់ជីវិត​របស់​ខ្ញុំដើម្បីព្រះអង្គ» 38ព្រះយេស៊ូមានបន្ទូល​តប​ថា៖ ​«តើ​អ្នក​នឹង​លះបង់ជីវិតដើម្បីខ្ញុំ? ​ខ្ញុំ​ប្រាប់អ្នក​ជា​ពិតប្រាកដថា​មុន​មាន់រងាវ​អ្នក​នឹង​បដិសេធខ្ញុំបីដង
Copyright information for KhmKCB